នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ៥៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅស្រុកកណ្តាលស្ទឹង,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាកខេត្តកណ្តាល។
ឯកឧត្តមអភិបាលបានបន្តថា ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ព្រមទាំងសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងស្រុកកណ្តាលស្ទឹង គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម គ្មានសន្តិភាព នោះយើងមិនមានឱកាសអាចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនដូចបច្ចុប្បន្ននេះបានឡើយ។ ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាអាចធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាលតែងតែ បានទទួលការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាល បានមានប្រសាសន៏ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរស្រុក និងកងកម្លំាងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង កុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន ត្រូវរួមគ្នាធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៕